Beats Studio 3 ជាកាស Wireless ជំនាន់ថ្មី សមត្ថភាពកាត់បន្ថយសំឡេងរំខានល្អបំផុតសម្រាប់អ្នកប្រើ iPhone តម្លៃ $៣៥០
រយៈពេលជាង ៣ឆ្នាំមកនេះ ទីបំផុតក្រុមហ៊ុន Beats ចេញកាសជំនាន់ថ្មីហើយ ដែលស្ថិតក្នុងសែស្រឡាយ Studio គឺ Beats Studio 3។ Studio 3 ជាកាសឥតខ្សែ Wireless ដែលមានលក់ផ្លូវការចាប់ពីថ្ងៃនេះនៅបណ្ដាហាង Apple និងហាងលក់រាយផ្សេងៗមួយចំនួន ក្នុងតម្លៃ ៣៤៩,៩៥ដុល្លារអាមេរិក។ កាសនេះ ត្រូវបានកែលំអពីលើម៉ូដែលមុន ដោយបានបំពាក់ឈីប W1 chip របស់ Apple និងមានមុខងាររារាំងសំឡេងរំខានយ៉ាងល្អ (advanced noise cancellation) មានការរចនាផ្នែកខាងក្នុង និងមានកម្លាំងថ្មប្រើបានយូរជាងម៉ូដែលមុន។
កាសឥតខ្សែ Studio 3 ថ្មីនេះ មានទំហំធំជាងមុន ប្រៀបធៀបនឹងកាស Solo 3 Wireless។ ក្រុមហ៊ុន Beats នឹងចេញលក់កាសទំនើបនេះ ជាមួយជម្រើសពណ៌ចំនួន៦ ក្នុងនោះមានពណ៌ ប្រផេះ មាស ស ក្រហម ខៀវ និងខ្មៅប្រភេទ matte black ហើយក៏មានបែងចែកជាពីរជំនាន់ limit edition ថែមទៀត ជាមួយពណ៌ប្រផេះ Shadow Gray និងក្រហម Porcelain Rose។ Beats បានលើកឡើងថា ខ្នើយត្រចៀករបស់ Studio 3 ត្រូវបានឌីហ្សាញ គិតពីផាសុកភាពនៅពេលពាក់លើត្រចៀករយៈពេលយូរម៉ោង ឬពេញមួយថ្ងៃ។
កាស Studio 3 បំពាក់មកជាមួយបច្ចេកវិទ្យាឈីប W1 របស់ Apple ដែលមានសមត្ថភាពក្នុងការតភ្ជាប់ទៅកាន់ iPhone, iPad និង Mac ដែលនៅជិតៗ និងភ្ជាប់បានយ៉ាងរហ័ស។ តាមរយៈឈីប W1 ក្នុង Studio 3 គឺបានគិតគូរលើការភ្ជាប់ជាមួយផលិតផល Apple ក្នុងការបំពេញមុខងារបានយ៉ាងល្អ កាត់បន្ថយសំឡេងរំខាន និងប្រើបានរយៈពេលដល់ទៅ ២២ម៉ោងជាមួយមុខងារ noise cancellation ឬបានដល់ ៤០ម៉ោងសម្រាប់តែការស្ដាប់តន្ត្រីមួយមុខ (ស៊ីថាមពលតិច)។ ការបិទបើកមុខងាររារាំងសំឡេងរំខាន Noise-canceling គឺមានលក្ខណៈងាយស្រួលក្នុងការប្រើ ដោយគ្រាន់តែចុចលើប៊ូតុង On/ Off។
សម្រាប់ថ្មនៅលើ Studio 3 គឺសាកចូលលឿនប្រើពេលតែ ១០នាទី អាចឱ្យយើងបើកស្ដាប់តន្ត្រី playback រហូតដល់ ៣ម៉ោងដោយមុខងារសាកថ្ម Fast Fuel។ វាសាកថ្មតាមរន្ធ microUSB ជំនួសការប្រើរន្ធ Lightning។ ក្រុមហ៊ុនចាប់លក់កាសស៊េរីថ្មី Studio 3 ចាប់ពីថ្ងៃនេះជាមួយតម្លៃ ៣៥០ដុល្លារនៅលើគេហទំព័រផ្លូវការរបស់ Apple គឺ apple.com និងបណ្ដាហាងចែកចាយផ្សេងៗទៀត៕
ដោយ៖ TheSmey | ចុច៖ Like ទំព័ររបស់ពួកយើងដើម្បីទទួលបាននូវអ្វីដែលថ្មីៗជាច្រើនទៀត
ប្រភព៖ thephnompenhtimes
0 comments:
Post a Comment