ភ្នំពេញ: ថ្មីៗនេះពិធីការិនី និងតារាសម្តែង កញ្ញា ថន លក្ខិណា បានធ្វើពិធីសម្ពោធឡើងផ្ទះវីឡាថ្មីនៅជាប់ផ្លូវជាតិលេខ ៦ ម្តុំមុខសាលាកសិកម្មព្រែកលៀប ដែលមានភ្ញៀវអ្នកសិល្បៈចូលរួមយ៉ាងកុះករ។ ខណៈកញ្ញា ថន លក្ខិណា អះអាងគ្មានជំនួយក្រោយខ្នងក្នុងការទិញទ្រនំដ៏ស្កឹមស្កៃថ្មីនោះ ហើយក៏គ្មានម្ចាស់បេះដូងដែរ។
កញ្ញា ថន លក្ខិណា ពេលនេះត្រូវផ្លាស់ប្ដូរពីអតីតកាលដាច់ឆ្ងាយពិសេសពីរូបសម្ផស្សដែលនាងក៏បានឆ្លងកាត់កែសម្ផស្សកែបបូរមាត់រុញច្រានរូបសម្ផស្សនាងក៏ស្រស់ស្អាតកើនទ្វេ។ ទន្ទឹមនឹងនេះកាលពីពេលថ្មីៗនាងក៏ត្រូវបានអ្នកគាំទ្រស្ងើចសរសើរមិនដាច់ពីមាត់ផងដែរពីពិធីឡើងផ្ទះវីឡាថ្មីដែលគេដឹងថា សំណង់វីឡានោះក៏មានតម្លៃថ្លៃខ្ទង់សែនដុល្លារទាំងមានពាក្យផងដែរថា «ថវិកាវាល់សែនដុល្លារជាចំនួនថ្លៃវីឡានោះទំនងជាចំណែកធំពីម្ចាស់ស្នេហ៍កំបាំងមុខព្រោះថាស្រីស្រស់ ថន លក្ខិណា មួយរយៈនេះធ្វើការតុបតែងខ្លួនស្រស់ស្អាតប្លែកហើយក៏ហ៊ឺហាជាងមុនកើនទ្វេ»។
តែយ៉ាងណាពីព័ត៌មានចចាមអារ៉ាមដែលលេចឡើងពីសំណង់ផ្ទះវីឡាថ្មីនៅទឹកដីមុខសាលាកសិកម្មព្រែកលៀប ដែលថាជាជំនួយដ៏ធំដុំពីម្ចាស់កំបាំងមុខនោះក៏ត្រូវតារាសម្តែង និងជាពិធីការិនីមានកំណើតពីទឹកដីខេត្តកោះកុង កញ្ញា ថន លក្ខិណា បដិសេធទាំងស្រុងចំពោះព័ត៌មានលើកឡើងនោះ។
កញ្ញា ថន លក្ខិណា ក៏ប្រកែកថា៖ «កុំឃើញគេមានផ្ទះមានឡានទំនើបអីក៏ចេះតែមានពាក្យថា មានជំនួយ ឬមានអ្នកចិញ្ចឹម។ បើជាមានអ៊ីចឹងមែនមិនចាំបាច់អីតារាៗ ទៅខំសម្តែងទាំងយប់ទាំងថ្ងៃនៅចាំថែសម្ផស្ស ផ្គាប់ចិត្តនោះមិនជាស្រួលទេ»។
កញ្ញា ថន លក្ខិណា ក៏បានអះអាងថា៖ «របស់ទ្រព្យទាំងប៉ុន្មានដែលខ្ញុំមានរួមទាំងផ្ទះទើបនឹងធ្វើពិធីឡើងថ្មីនោះវាគ្មានចំណែកអាថ៌កំបាំងមកពីណាទេពោលគឺសុទ្ធជាចំណែកដែលកើតចេញពីញើសឈាមខ្ញុំសុទ្ធសាធ។ បងប្អូនមិនដឹងទេថាធ្វើតារាស្រួល ការពិតមិនស្រួលទេដូចបងប្អូនឃើញមានពាក្យរិះគន់មិនចេះចប់មិនចេះហើយ ហើយក៏មិនដឹងដែរថាប្រាក់បានពីសម្តែងបានពីការងារសិល្បៈស្រួល តែក៏មិនស្រួលដែរ សម្តែងម្តងៗហាលថ្ងៃ ដាច់យប់ក៏មានអ៊ីចឹងបានថា ប្រាក់បានពីញើសឈាមពិតមែន»។
ថែមការភ្ញាក់ផ្អើលលើសំណង់ផ្ទះវីឡាដែល ថន លក្ខិណា ប្រកែកថាជាញើសឈាមនាងនោះ កញ្ញាបែរជាធ្វើឲ្យចាប់អារម្មណ៍ជាថ្មីពីសារត្អូញត្អែរនឹកអ្នកឆ្ងាយដែលរំលេចឡើងពីរូបថតគេងម្នាក់ឯងលើគ្រែ ក្នុងបន្ទប់ដ៏ចែងចាំង។
ឆ្លើយតបនឹងចម្ងល់មហាជនពីសំណេរសារ កញ្ញា ថន លក្ខិណា ក៏បានបកស្រាយថា៖ «ការនឹករឭកនោះចេះតែមានហើយ ហើយពេលខ្លះបានសារហ្នឹងហើយដែលធ្វើឲ្យយើងដឹងពីសុខទុក្ខអ្នកជុំវិញខ្លួន»។
ស្រីស្រស់ទើបនឹងធ្វើពិធីឡើងផ្ទះវីឡាថ្មីថ្លៃវាល់សែនដុល្លាររូបនេះបានរៀបរាប់ប្រាប់បន្តថា៖ «សារដែលថានឹកអ្នកឆ្ងាយនេះក៏មិនសំដៅនឹកម្ចាស់ស្នេហ៍ ឬក៏នឹកអ្នកពិសេសណាដែរ»។
កញ្ញាបញ្ជាក់ថា៖ «គឺគ្រាន់ជាសារសរសេរពញ្ញាក់អារម្មណ៍អ្នករាប់អានគ្នាក៏ដូចជាមិត្តភក្ដិជាតារា ដែលគាត់មានការងារទៅធ្វើឆ្ងាយពីគ្នាហ្នឹងដែរ»៕
ដោយ៖ TheSmey |
ចុច៖ Like ទំព័ររបស់ពួកយើងដើម្បីទទួលបាននូវអ្វីដែលថ្មីៗជាច្រើនទៀត
ប្រភព៖ postkhmer
Search
Subscribe to:
Post Comments
(
Atom
)
0 comments:
Post a Comment