latest Post

Search

៥​ចំណុច​បង្ហាញ​ថា យើង​ត្រឹម​ជា​កង់​សាគួរ

ស្នេហា​ជា​តម្រូវការ​នៃ​បេះដូង​ តែ​ពេល​ខ្លះ​តម្រូវ​ការ​នៃ​បេះដូង​នោះ​អាច​ធ្វើ​ឱ្យ​ម្ចាស់​របស់​វា​ធ្វើ​រឿង​ខុស​ឆ្គង​ជា​ច្រើន​ដោយ​មិន​ដឹង​ខ្លួន​។ ការ​មាន​ស្នេហា​ដែល​ធ្វើ​ឡើង​ត្រឹម​តែ​បេះដូង​២​គឺ​ជា​រឿង​ដ៏​រីករាយ តែ​បើ​មាន​បេះដូង​លើស​ពី​២​ឡើង​ទៅ​ហើយ ច្បាស់​ណាស់​នឹង​មាន​អ្នក​ណា​ម្នាក់​ត្រូវ​សម្រក់​ទឹក​ភ្នែក​។ អារម្មណ៍​ដែល​ដឹង​ថា​ ខ្លួន​ត្រឹម​តែ​ជា​តួ​អង្គ​លួច​លាក់ ឬ​កង់​សាគួរ ពិត​ជា​ឈឺចាប់​ ពិបាក​ជាង​ស្រលាញ់​គេ​តែ​​ម្ខាង​ទៅ​ទៀត ព្រោះ​យើង​គ្រោង​ថា​នឹង​ផ្ដល់​ក្ដី​ស្រលាញ់​ទាំង​អស់​ទៅ​ឱ្យ​គេ ហើយ​គេ​ក៏​ព្រម​ថា​នឹង​ទទួល​ តែ​ការ​ពិត​វា​គ្រាន់​តែ​ជា​ការ​បោក​ប្រាស់​ប៉ុណ្ណោះ។ គន្លឹះ​មួយ​ចំនួន​ខាង​ក្រោម​នេះ នឹង​ជួយ​ឱ្យ​ភាគី​នៃ​ស្នេហា​ ជាពិសេស​ស្រី​ៗ​មើល​ដឹង​ថា​​ខ្លួន​ជា​តួ​អង្គ​សំខាន់ ឬ​ត្រឹម​តែ​ជា​កង់​សាគួរ គ្រាន់​តែ​សម្រាប់​ការ​លេង​សើច​របស់​គេ​។



១- គេ​មិន​ហ៊ាន​បើក​ចំហ​ស្នេហា​របស់​អ្នក​នៅ​មុខ​អ្នក​ដទៃ​៖ 
“ត្រូវ​ធ្វើ​ដូច​​មិន​មាន​ទំនាក់ទំនង​អ្វី​នឹង​គ្នា​ នៅ​មុខ​អ្នក​ដទៃ​សិន ព្រោះ​យើង​ទើប​តែ​ចាប់​ផ្ដើម កុំ​ឱ្យ​គេ​សួរ​នាំ​ច្រើន​” លេស​មួយ​នេះ ភាគ​ច្រើន​ខាង​ប្រុស​ប្រើ​ឡើង​មក​ដើម្បី​អះអាង​ការពារ​កិត្តិយស​របស់​ខាង​ស្រី ប៉ុន្តែ​៨០%​នៃ​ការ​ពិត គឺ​គេ​ចង់​លាក់​បាំង​ពី​ទំនាក់ទំនង​នេះ ដោយ​សារ​អាច​មាន​មិត្តភ័ក្ដិ​ ឬ​អ្នក​ស្គាល់​គេ​ធ្លាប់​ដឹង​ថា គេ​មាន​សង្សារ​រួច​ហើយ តែ​នៅ​ចង់​ទាក់​ទង​អ្នក​។ ដូច្នេះ​ ទោះ​ទាក់ទង​គ្នា​យូរ​ប៉ុណ្ណា អ្នក​ក៏​ប្រហែល​គ្មាន​ឱកាស​បាន​បើក​ចំហ​ឱ្យ​មិត្តភ័ក្ដិ​របស់​គេ​បាន​ដឹង​ដែរ​។



២- ទូរសព្ទ​ជា​របស់​សម្ងាត់​បំផុត​៖ 
ធម្មតា មនុស្ស​ស្រលាញ់​គ្នា​អាច​ថា​ ដឹង​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ស្ទើរ​តែ​គ្រប់​រឿង​ ប៉ុន្តែ​បើ​អំឡុង​ពេល​ទាក់​ទង​គ្នា អ្នក​មិន​អាច​សូម្បី​តែ​កាន់​ ឬ​ស្គាល់​ Password ទូរសព្ទ​គេ​សោះ​នោះ​ មានន័យ​ថា អ្នក​មិន​ទាន់​ត្រូវ​បាន​ក្លាយ​ជា​មនុស្ស​ដែល​គេ​ផ្ដល់​ទំនុក​ចិត្ត​ឱ្យ​នៅ​ឡើយ​ទេ​។ មិន​មែន​ដល់​ថ្នាក់​ត្រូវ​ដឹង​ទាំង​ Password បណ្ដាញ​សង្គម​របស់​គេ​ទេ ប៉ុន្តែ​សូម្បី​តែ​យក​មក​មើល​រូប​ ឬ​អ្វី​ផ្សេង​ក៏​មិន​បាន​ដែរ​នោះ ​អ្នក​គួរ​តែ​ពិចារណា​ឡើង​វិញ​ផង​។


៣- ឱ្យ​តែ​និយាយ​ពី​រឿង​អនាគត​ គេ​ចេះ​តែ​បង្វែរ​សាច់​រឿង​៖ 
មាន​អ្នក​ខ្លះ​ទាក់​ទង​គ្នា​ច្រើន​ឆ្នាំ​មក​ហើយ តែ​មិន​ដែល​ឮ​ខាង​ប្រុស​បង្ហើប​ពី​ផែនការ​អនាគត​ ឬ​សូម្បី​តែ​ពេល​វេលា​ឱ្យ​យើង​ទៅ​ជួប​គ្រួសារ​គេ​ ឬ​គេ​មក​ជួប​គ្រួសារ​យើង​។ មាន​ពេល​ខ្លះ​ទៀត ឱ្យ​តែ​នាំ​និយាយ​ពី​រឿង​រៀបការ រឿង​អនាគត​ជាមួយ​គ្នា គេ​ចេះ​តែ​បង្វែរ​ទៅ​សាច់រឿង​ផ្សេង​ ឬ​ប្រាប់​ថា មិន​ទាន់​ត្រៀម​ខ្លួន​រួច​ទេ ចាំ​មើល​តិច​ទៀត​សិន ចាំ​មាន​លុយ​ច្រើន​ជាង​នេះ​សិន​។ ប៉ុន្តែ​តើ​មាន​លុយ​ច្រើន​ប៉ុណ្ណា​ទើប​ហៅ​ថា​ច្រើន និង​គ្រប់​គ្រាន់​សម្រាប់​មនុស្ស​​? បើ​សូម្បី​តែ​គិត​ជាមួយ​គ្នា ក៏​នៅ​តែ​មិន​ទាន់​ដល់​ពេល​ត្រៀម​ខ្លួន​បាន​នោះ តើ​ពេល​ណា​ទើប​ត្រៀម​រួច​?



៤- ពេល​វេលា​ជួប​គ្នា មិន​មែន​អ្នក​ជា​អ្នក​កំណត់ តែ​ជា​គេ​៖
មនុស្ស​ស្រលាញ់​គ្នា​តែង​ចង់​ជួប​មុខ​គ្នា​ស្ទើរ​តែ​គ្រប់​វិនាទី ប៉ុន្តែ​បើ​ជា​ស្នេហា​លួចលាក់​ អ្នក​នឹង​គ្មាន​សិទ្ធិ​ក្នុង​ការ​កំណត់​ម៉ោង​ពេល​ជួប​គ្នា​ទេ ព្រោះ​គេ​ត្រូវ​បែង​ចែក​ពេល​សម្រាប់​អ្ន​កផ្សេង​ផង ដូច្នេះ​គឺ​មាន​តែ​គេ​ទេ​ដែល​ជា​អ្នក​កំណត់​ថា គួរ​ជួប​គ្នា​ពេល​ណា ឬ​មិន​ជួប​ពេល​ណា​។ យ៉ាង​ណា​ក៏​ដោយ បើ​ចង់​លាក់​បាំង​ការ​ពិត​ពី​អ្នក​ ច្បាស់​ណាស់ គេ​នឹង​មាន​លេស​យ៉ាង​ឈ្ងុយ​ប្រាប់​ពី​មូលហេតុ​ដែល​មិន​អាច​ជួប​គ្នា​បាន​នេះ​។



៥- គេ​គិត​ពី​រឿង​ស៊ី​ជម្រៅ​ រាល់​ពេល​នៅ​ក្បែរ​គ្នា​៖ 
មនុស្ស​ប្រុស​តែង​មាន​អារម្មណ៍​ផ្លូវ​ភេទ​ច្រើន​ជាង​មនុស្ស​ស្រី​គឺ​ជា​រឿង​ធម្មតា​។ ប៉ុន្តែ​បើ​គេ​មាន​តែ​យើង​ម្នាក់​ គេ​ប្រហែល​មិន​ប្រញាប់​គិត​ពី​រឿង​លើ​គ្រែ​ជាមួយ​យើង​ភ្លាមៗ​នោះ​ទេ​។ ព្រោះ​គេ​គិត​ថា ថ្ងៃ​ក្រោយ​យើង​គង់​ក្លាយ​ជា​ប្រពន្ធ​របស់​គេ​ គេ​មិន​ចាំបាច់​តក់ក្រហល់​ចង់​បាន​វា​ភ្លាម​ក៏​បាន​។ ប៉ុន្តែ​បើ​អ្នក​ត្រឹម​តែ​ជា​ផ្នែក​មួយ​នៃ​ស្នេហា​ពហុ​ភាគី​របស់​គេ គេ​ពិត​ជា​ចង់​​ស្គាល់​រសជាតិ​ឱ្យ​ហើយ មុន​ពេល​អ្នក​ដឹង​ការ​ពិត ហើយ​ដក​ខ្លួន​ចេញ​ពី​គេ​។ មិន​ដឹង​ថា ចំណុច​ទាំង​៥​ខាង​លើ​នេះ​អាច​​ត្រូវ​កម្រិត​ណា​សម្រាប់​នារីៗ ប៉ុន្តែ​បើ​ធ្លាប់​មាន​ចំណុច​ខ្លះ​កើត​ឡើង​ចំពោះ​អ្នក​ គួរ​ពិចារណា​ពី​ទំនាក់​ទំនង​របស់​អ្នក​ឡើង​វិញ ដើម្បី​កុំ​ឱ្យ​ជ្រុលជ្រួស​ទាន់​។ ដក​ចិត្ត​ចេញ​ក្នុង​រយៈ​ពេល​នេះ​ គឺ​ជា​រឿង​ឈឺចាប់​ ប៉ុន្តែ​បើ​នៅ​តែ​បន្ត​ហើយ​គ្មាន​គោលដៅ​ច្បាស់​ វា​នឹង​រឹត​តែ​ឈឺ​ចាប់​ខ្លាំង​ជាង​ហ្នឹង​​១០០​ដង​ក៏​ថា​បាន​៕



អត្ថបទ៖ Kanha

About Merl24h

Merl24h
Recommended Posts × +

0 comments:

Post a Comment