មិននឹកស្មានថ្ម iPhone 8 និង 8 Plus មានកម្លាំងទាបជាង iPhone 7/7 Plus សោះ តែ Apple អាងបន្ទះឈីបថ្មីទាំង CPU និង GPU ស៊ីថ្មតិចជាងមុន
ក្រុមហ៊ុន Apple កាលពីថ្ងៃអង្គារសប្ដាហ៍នេះ បានសម្ពោធស្មាតហ្វូនថ្មីដល់ទៅ ៣ម៉ូដែលព្រមគ្នា ដែលមាន iPhone 8, iPhone 8 Plus និង iPhone X។ ខណៈ iPhone ស៊េរីចុងក្រោយនេះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង និងសង្កេតឃើញមានការ share ចែកចាយពេញបណ្ដាញអ៊ីនធឺណិតនោះ ក៏មានសេចក្ដីរាយការណ៍ពីប្រភពព័ត៌មានចិន ដែលផ្ដោតនិយាយទៅលើ iPhone 8 និង 8 Plus ទាំងពីរម៉ូដែលនេះ។
គណៈកម្មការសហព័ន្ធទំនាក់ទំនង FCC របស់ចិន ក្រោមឈ្មោះ TENAA បានបង្ហោះឯកសារលំអិតពាក់ព័ន្ធនឹងការកែប្រែស្តង់ដារនៅលើថ្ម នៃស្មាតហ្វូនថ្មីទាំងពីរ iPhone 8 និង 8 Plus របស់ Apple។ បើតាមគណនីដែលបង្ហោះផ្សាយពាក់ព័ន្ធព័ត៌មានបែកធ្លាយនៅលើ Twitter ឈ្មោះ Steve Hemmerstoffer បានអះអាងថា iPhone 8 មានកម្លាំងថ្មតែ 1821mAh ម៉ោងប៉ុណ្ណោះ ខណៈ iPhone 8 Plus មានកម្លាំងថ្ម 2675mAh។
ប្រសិននេះជាការពិត នោះមានន័យថា iPhone ស៊េរីថ្មីទាំងពីរម៉ូដែល មានថាមពលថ្មទាបជាង នៅលើម៉ូដែល iPhone បច្ចុប្បន្នគឺខ្សោយជាង iPhone 7 និង iPhone 7 Plus ដែលមាន 1960mAh និង 2900mAh។ ក្រុមហ៊ុន Apple មិនបញ្ជាក់អំពីទំហំថ្មនៅលើទូរស័ព្ទខ្លួននោះទេ គ្រាន់តែបញ្ជាក់នៅលើវែបសាយផ្លូវការរបស់ខ្លួនថា ថ្មរបស់ iPhone 8 អាចប្រើបានរយៈពេល ប្រហាក់ប្រហែលនឹង iPhone 7 ហើយក៏ដូចគ្នានឹងម៉ូដែល Plus ដែរ ដែល iPhone 8 Plus ប្រហាក់ប្រហែលនឹង iPhone 7 Plus។
ក្រុមហ៊ុន Apple អាចពិតជាបានប្រើថ្មមានថាមពលទាបជាងមុនមែន យ៉ាងណាក៏មានចំណុចល្អផ្សេងទៀតសម្រាប់ប៉ះប៉ូវ គឺបានបំពាក់បន្ទះឈីបជំនាន់ថ្មីមានសមត្ថភាពជាងមុន គឺ A11 Bionic SoC ជាប្រភេទអង្គប្រតិបត្តិ 6-core ផ្ដល់ប្រសិទ្ធភាពប្រតិបត្តិការងារខ្ពស់ជាងមុនគុណនឹង២ គឺលឿនជាងឈីប A10 ២៥% និងមាន 4 high-efficiency cores ដែលផ្ដល់ល្បឿនលឿនជាងមុន ៧០%ផងដែរ។ ឈីបក្រាហ្វិក GPU ថ្មីនៅលើ iPhone ថ្មី អាចផ្ដល់កម្រិតសមត្ថភាពដូចជានៅលើឈីប A10 ដែរ តែស៊ីភ្លើងតែពាក់កណ្ដាលប៉ុណ្ណោះ។ ដូច្នេះ ការបន្ថយកម្លាំងថ្មបន្តិចបន្តួចនេះ ទំនងមិនចោទជាបញ្ហាដល់រយៈពេលប្រើ iPhone 8 ទាំងពីរនោះទេ។ បើតាមគេហទំព័រ gsmarena លើកឡើងដែរថា Apple A11 Bionic chipset ត្រូវបានផលិតឡើងជាមួយខ្នាត 10nm process ខ្លីជាង A10 ដែលជា 16nm chip ដូច្នេះវាក៏អាចសន្សំសំចៃថ្មមួយកម្រិតទៀត ក្រៅពី GPU ថ្មីជួយបានខ្លះហើយនោះ។
ហើយក៏មិនភ្លេចដែរជាមួយមុខងារសាកថ្មរហ័ស ដែលអាចសាកឡើងដល់ ៥០% ប្រើពេល ៣០នាទីប៉ុណ្ណោះ។ Apple ក៏បានបញ្ចូលមុខងារសាកថ្មឥតខ្សែ Wireless Charging ទៅលើ iPhone ថ្មីទាំង ៣ម៉ូដែលផងដែរ។
ខាងក្រោមនេះជារយៈពេលកាន់ថ្មប្រើប្រាស់មុខងារផ្សេងៗនៅលើ iPhone 8 ៖ >>និយាយបាន ១៤ម៉ោង ប្រើអ៊ីនធឺណិតបាន ១២ម៉ោង បើកមើលវីដេអូបាន ១៣ម៉ោង បើកតែចម្រៀង mp3 (audio playback) បានដល់ ៤០ម៉ោង។
ខាងក្រោមនេះជារយៈពេលកាន់ថ្មប្រើប្រាស់មុខងារផ្សេងៗនៅលើ iPhone 8 Plus៖ >> និយាយបាន ២១ម៉ោង លេងអ៊ីនធឺណិតបាន ១៣ម៉ោង មើលវីដែអូបាន ១៤ម៉ោង ស្ដាប់ចម្រៀង mp3 បាន ៦០ម៉ោង៕
ដោយ៖ TheSmey | ចុច៖ Like ទំព័ររបស់ពួកយើងដើម្បីទទួលបាននូវអ្វីដែលថ្មីៗជាច្រើនទៀត
ប្រភព៖ thephnompenhtimes
0 comments:
Post a Comment