ប្រយ័ត្ន! រឿងអាក្រក់៦យ៉ាងអាចកើតឡើងបើអ្នកផឹកទឹកដូងច្រើនពេក
ដូងអាចចាត់ទុកថាជាផ្លែឈើដែលយើងទាំងអស់គ្នាសុទ្ធតែស្គាល់ ព្រោះក្រៅពីវាងាយស្រួលរកទទួលទាន ឬមានតម្លៃថោកហើយ វាក៏មានទឹកដែលអាចធ្វើឲ្យយើងមានអារម្មណ៍ស្រស់ថ្លាគ្រប់ពេលដែលបានពិសា ជាពិសេសនៅពេលមានអាកាសធាតុក្ដៅ។ យ៉ាងណាក៏ដោយ បើទោះបីទឹកដូងសម្បូរទៅដោយវីតាមីន ឬជាតិរ៉ែដែលល្អចំពោះសុខភាពរាងកាយយើងជាច្រើនផ្នែក ប៉ុន្តែការផឹកទឹកដូងក្នុងបរិមាណច្រើនពេក ក៏អាចផ្ដល់ផលប៉ះពាល់មកលើសុខភាពរបស់យើងវិញដែរ។
១. មានកាឡូរីខ្ពស់
បើទោះបីទឹកដូងមានជាតិស្ករតិចជាងបណ្ដាភេសជ្ជៈប៉ូវកម្លាំងផ្សេងៗ ប៉ុន្តែវាក៏អាចចាត់ទុកថាមានកាឡូរីច្រើនគួរសមដែរ ព្រោះទឹកដូងត្រឹមតែ៣២៥មីលីលីត្រ អាចមានកាឡូរីរហូតដល់ ៦០កាឡូរី។ ដូច្នេះប្រសិនបើអ្នកកំពុងសម្រកទម្ងន់ ការផឹកទឹកធម្មតាអាចជាជម្រើសល្អជាង។
២. អាចធ្វើឲ្យកើតអាការៈអាឡែស៊ី
មានមនុស្សមិនតិចទេដែលមានរោគចាញ់ ឬអាឡែស៊ីអាហារមួយចំនួន។ ទឹកដូងអាចជាអាហារមួយក្នុងចំណោមដែលអាចធ្វើឲ្យកើតអាឡែស៊ីបានសម្រាប់មនុស្សមួយចំនួន។ ដូច្នេះប្រសិនបើអ្នកសង្កេតឃើញថារាងកាយបង្ហាញភាពមិនប្រក្រតីក្រោយពីផឹកទឹកដូង អ្នកគួរតែព្យាយាមចៀសវាងផឹកវានៅពេលក្រោយ។
៣. មានសារធាតុបង្កើនការផលិតទឹកនោមខុសធម្មតា
ការផឹកទឹកដូងអាចធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ថ្លា និងធ្វើឲ្យរាងកាយមានសំណើមក៏ពិតមេន ប៉ុន្តែបើអ្នកផឹកវាច្រើនពេក ធានាថាអ្នកនឹងត្រូវចូលបន្ទប់ទឹកញឹកញាប់ ព្រោះក្នុងទឹកដូងមានសារធាតុដែលជំរុញការផលិតទឹកនោម និងធ្វើឲ្យអ្នកនោមញឹក ដូច្នេះហើយអ្នកគួរកំណត់បរិមាណក្នុងការផឹកឲ្យបានសមរម្យ។
៤. អាចធ្វើឲ្យសារធាតុអេឡិចត្រូលីតក្នុងរាងកាយបាត់បង់តុល្យភាព
ទឹកដូងគឺជាភេសជ្ជៈដែលមានធាតុប៉ូតាស្យូមខ្ពស់ ដែលបើសិនមិនបានគ្រប់គ្រងបរិមាណក្នុងការផឹកឲ្យបានសមរម្យទេ អេឡិចត្រូលីតក្នុងរាងកាយនឹងអាចបាត់បង់តុល្យភាព ដែលធ្វើឲ្យអ្នកមានអាការៈអស់កម្លាំងល្ហិតល្ហៃ វិលមុខ និងអាចឈានដល់សន្លប់បាត់ស្មារតី ក្នុងករណីដែលអ្នកផឹកវាច្រើនជ្រុលពេលកំពុងមកពីលេងកីឡា ឬហត់នឿយខ្លាំង។
៥. ធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាមកើនឡើងខ្ពស់
បើទោះបីទឹកដូងមិនត្រូវបានចាត់ទុកក្នុងចំណោមភេសជ្ជៈដែលផ្សំជាមួយជាតិស្ករ (Sugary drinks) ប៉ុន្តែវាក៏នៅមានសារធាតុកាបូអ៊ីដ្រាត និងកាឡូរី។ ដូច្នេះអ្នកដែលមានកម្រិតជាតិស្ករក្នុងឈាមខ្ពស់ ឬអ្នកមានជំងឺទឹកនោមផ្អែមគួរតែចៀសវាងការផឹកទឹកដូងរៀងរាល់ថ្ងៃ ឬញឹកញាប់ពេក ព្រោះវានឹងបង្កើនកម្រិតជាតិស្ករក្នុងរាងកាយរបស់អ្នក។
៦. អាចបណ្ដាលឲ្យសម្ពាធឈាមចុះទាបជ្រុល
ការផឹកទឹកដូងអាចធ្វើឲ្យសម្ពាធឈាមកាន់តែទាបបាន ហើយក្នុងករណីដែលអ្នកញ៉ាំថ្នាំព្យាបាលសម្ពាធឈាមឡើងខ្ពស់ស្រាប់ ការផឹកទឹកដូងច្រើនវានឹងធ្វើឲ្យសម្ពាធឈាមយើងចុះកាន់តែទាប។ ដូច្នេះហើយអ្នកដែលដឹងខ្លួនថាសម្ពាធឈាមរបស់ខ្លួនមិនសូវជាប្រក្រតី គួរប្រយ័ត្នរឿងផឹកទឹកដូងនេះជាពិសេស ៕
ដោយ៖ TheSmey | ចុច៖ Like ទំព័ររបស់ពួកយើងដើម្បីទទួលបាននូវអ្វីដែលថ្មីៗជាច្រើនទៀត
ប្រភព៖ kanha
0 comments:
Post a Comment