Samsung អាចនឹងកើបប្រាក់បានច្រើនពីទូរស័ព្ទ iPhone X របស់ Apple ព្រោះក្នុងមួយគ្រឿង ខ្លួនយកបាន $១១០ លើថ្លៃអេក្រង់ OLED !
វាទំនងជា Apple នឹងមិនមែនជាក្រុមហ៊ុនដែលរកប្រាក់ចំណេញច្រើនពីទូរស័ព្ទកំពូល iPhone X តែឯងនោះទេ ដោយសារ ត្រូវចែកភាគលាភទៅឱ្យ Samsung ខ្លះ។ ប្រសិនបើក្រុមហ៊ុន Apple លក់ទូរស័ព្ទដាច់បានច្រើនគ្រឿង នោះ Samsung ក៏អាចរកលុយបានច្រើនពី iPhone X នេះផងដែរ។
Samsung ជាក្រុមហ៊ុនផ្ដាច់មុខ ក្នុងការផ្គត់ផ្គង់អេក្រង់ OLED សម្រាប់បំពាក់លើទូរស័ព្ទ iPhone X ថ្មីរបស់ Apple ហើយក្រុមហ៊ុនកូរ៉េនេះ ត្រូវបានគេរបាយការណ៍ថា នឹងរកប្រាក់បាន ១១០ដុល្លារពីអេក្រង់នីមួយៗដែលប្រើនៅលើ iPhone ជំនាន់ថ្មីពិសេសសម្រាប់ខួប ១០ឆ្នាំនេះ។
ព័ត៌មាននេះ ស្រង់ចេញពីព្រឹត្តិបត្រព័ត៌មាន Wall Street Journal និង Counterpoint Technology ដែលបានធ្វើសេចក្ដីរាយការណ៍ ប៉ាន់ប្រមាណថា Apple នឹងលក់ទូរស័ព្ទ iPhone X បាន ១៣០លានគ្រឿងត្រឹមរដូវក្ដៅ ក្នុងឆ្នាំ២០១៩ ខាងមុខ។ ដូច្នេះ Samsung ក៏នឹងអាចរកប្រាក់ចំណូលបាន ១១០ដុល្លារនៃ iPhone X ដែលលក់ចេញក្នុងមួយគ្រឿងៗ។
ដូច្នេះមើលទៅ ហាក់ដូចជា Apple មិនមែនជាក្រុមហ៊ុនតែឯង ដែលកំពុងសង្ឃឹមចង់ឱ្យ iPhone X ថ្មីនេះ លក់ដាច់នៅលើទីផ្សារប៉ុណ្ណោះទេ ចំណែក Samsung ក៏ដូចគ្នា ព្រោះនេះជាឆ្នាំងបាយសំខាន់មួយផ្នែករបស់ក្រុមហ៊ុនកូរ៉េផងដែរ។ ព្រោះកាលណា លក់កាន់តែដាច់ បានកាន់តែច្រើនគ្រឿង Samsung ក៏ទទួលបានប្រាក់ចំណូលច្រើនទៅតាមនោះដែរ។
Apple នឹងចាប់ផ្ដើមដាក់ឱ្យបញ្ជាទិញ iPhone X នៅចុងខែតុលា គឺនៅថ្ងៃទី២៧ ហើយនឹងមានលក់ចាប់ពីថ្ងៃទី៣ ខែវិច្ឆិកាក្រោយនេះ៕
ដោយ៖ TheSmey | ចុច៖ Like ទំព័ររបស់ពួកយើងដើម្បីទទួលបាននូវអ្វីដែលថ្មីៗជាច្រើនទៀត
ប្រភព៖ thephnompenhtimes
0 comments:
Post a Comment